ចែករំលែក

​ភ្នំពេញ ៖ ស្រ្តីជាប្រពន្ធ បានស្លាប់នៅកន្លែងកើតហេតុ និងបុរសជាប្តី ស្លាប់ពេលបញ្ជូនដល់គ្លីនិកឯកជន បន្ទាប់ពីជនរងគ្រោះ ជិះម៉ូតូដេញតាមជនសង្ស័យ ឆក់កាបូបនៅមុខ សាលាបឋមសិក្សា ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រហូតដល់មុខរោងចក្រ ផលិតមីម៉ាម៉ាចំការដូង បានធាក់ម៉ូតូជនសង្ស័យឲ្យដួល ធ្វើឲ្យម៉ូតូជនរងគ្រោះ ជ្រុលទៅបុកគូទរថយន្ត បណ្តាលឲ្យដួលបោកក្បាល នឹងគូទរថយន្ត ស្លាប់២នាក់ប្តីប្រពន្ធ បន្សល់ទុកកូនប្រុស អាយុ២ឆ្នាំម្នាក់ រងរបួសស្រាល។

ហេតុការណ៍ដ៏គួររន្ធត់ ស្មានមិនដល់នេះ កើតឡើងនៅមុខរោងចក្រ ផលិតមី​ម៉ាម៉ា ចំការដូង តាមផ្លូវលេខ២១៧ ហៅផ្លូវចំការដូង ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ​កាលពីវេលាម៉ោង៩យប់ ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៧ ​ ។

ជនរងគ្រោះដែលស្លាប់ ក្នុងហេតុការណ៍ជនសង្ស័យ ឆក់កាបូប២នាក់ប្តីប្រពន្ធ គឺ​ប្រពន្ធស្លាប់​ នៅកន្លែងកើតហេតុ មានឈ្មោះ ថាន់ ចាន់វតី អាយុ២៨ឆ្នាំ មុខរបរអាជីវករ រីឯបុរសជាប្តីស្លាប់ ពេលបញ្ជូនទៅដល់ គ្លីនិកឯកជន ក្បែរកន្លែងកើតហេតុ មានឈ្មោះ មាន ពិសី អាយុ២៩ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅក្នុងបូរីពិភពថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ បន្សល់ទុកកូនប្រុសម្នាក់ មានឈ្មោះ មាន ពេជ្រចរណៃ អាយុ២ឆ្នាំ រងរបួសស្រាល ។​

ចំណែកជនសង្ស័យ ដែលឃាត់ខ្លួន​បាន ម្នាក់​មានឈ្មោះ​ ផាន់​ ម៉ន​ ភេទប្រុស អាយុ​២៧ឆ្នាំ​​ មុខរបរ​កម្មករ​លីសែង ​នៅផ្សារ​នាគ​មាស​ ស្នាក់នៅ​ផ្ទះ​ជួល​អត់លេខ​ ភូមិ​ទួល​ពង្រ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែនជ័យ បើកបរម៉ូតូមួយគ្រឿង ម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១DB ១៣៣៤ ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ បីនាក់ប្តីប្រពន្ធនិងកូនប្រុស អាយុ២ឆ្នាំម្នាក់ បានជិះ​ម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ1DC-5728 ​តាមបណ្តោយផ្លូវ២១៧ ​ផ្លូវចំការដូង​ ក្នុងល្បឿនយ៉ាងលឿន ទិសដៅពីជើងទៅត្បូង និងបានស្រែកចោរៗបណ្តើរ និងជិះដេញតាមជនសង្ស័យម្នាក់ ដែលជិះម៉ូតូ​ហុងដាឌ្រីម​ លុះមកដល់ចំណុចកើតហេតុ មុខរោងចក្រផលិតមីម៉ាម៉ា ចំការដូង​ ជន​រងគ្រោះ​បានជិះម៉ូតូ ទៅទន្ទឹមនឹងជនសង្ស័យ បានលើកជើងធាក់ម៉ូតូ ជនសង្ស័យ​ បណ្តាល​ឲ្យដួលរងរបួសស្រាល ចំណែកម៉ូតូជនរងគ្រោះ ជ្រុលទៅបុកគូទរថយន្ត ម៉ាក Morning ​ពណ៌ស អត់មានស្លាកលេខ ដែលកំពុងបន្ថយល្បឿន បម្រុង​បត់ឆ្វេងត្រលប់ក្រោយ បណ្តាលអោយជនរង​គ្រោះ​ ទាំងបីនាក់ ដួលបោកនឹងរថយន្ត ខ្ទាតបោក​នឹងថ្នល់ ធ្វើ​ឲ្យ​ស្រ្តីជាប្រពន្ធ ដួលបាក់.កស្លាប់នៅនិងកន្លែង កើតហេតុភ្លាមៗ ចំណែកបី្ត​ បោកក្បាល​នឹងកញ្ចក់រថយន្ត រងរបួសធ្ងន់ធ្ងរពេលបញ្ជូនទៅដល់ គ្លីនិកសួគ៌ា ក្បែរកន្លែងកើត​ហេតុ តែអកុសល្យបាន​ស្លាប់ នៅសល់តែកូនប្រុសអាយុ២ឆ្នាំ រងរបួសស្រាល ​។ 

ប្រភពព័ត៌មាន បានបន្តទៀតថា ភ្លាមៗនោះ រថយន្តដែលជនរងគ្រោះ ជិះបុកគូទនោះ បានព្យាយាមបើករត់ គេច​ចូលទៅឈប់ក្នុងបូរី ឡាយគង់ ផ្លូវ បេតុង លេខ៦ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ត្រូវបានប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ រាយការណ៍ប្រាប់សម្ថកិច្ច អោយចុះមកអន្តរាគមន៍ ។

ក្រោយកើតហេតុ​ ជនសង្ស័យ​ដែលរងរបួសស្រាល ត្រូវបានប្រជាពលរដ្ឋ ចាប់ឃាត់ខ្លួន និងស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើង ទើបប្រគល់ឲ្យសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ នាំយកទៅសាកសួរនាំ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព ឆក់កាបូបពី​ជនរងគ្រោះ ជាប្រពន្ធបានសម្រេចមែន គឺរូបគេបានធ្វើសកម្មភាព ឆក់កាបូបពីជនរងគ្រោះ នៅ​មុខសាលាបឋមសិក្សាភូមិឬស្សី តាមផ្លូវលេខ​២១៧ ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយរូបគេ បានព្យាយាមបើករត់គេចខ្លួន ក៏ត្រូវជនរងគ្រោះ ជិះម៉ូតូដេញតាមពីក្រោយ រហូតមកដល់ចំណុចកើតហេតុ ជនរងគ្រោះ ជាអ្នកបើកម៉ូតូ បានធាក់ម៉ូតូរបស់ខ្លួន បណ្តាលអោយដួល ចំណែកម៉ូតូជនរងគ្រោះ ជ្រុលទៅបុកគូទរថយន្ត ។ ដោយឡែកកាបូបរបស់ជនរងគ្រោះ ដែលរូបគេឆក់បាន ពេលដែលដួលម៉ូតូ មិនដឹងថា ខ្ទាតទៅណាបាត់ទេ ។

បច្ចុប្បន្នជនសង្ស័យ ​រួមនិងវត្ថុតាង ត្រូវបាននគរបាល ប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ធ្វើការសាកសួររួច ទើបប្រគល់បន្តអោយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ រងចាំបញ្ជូនបន្តទៅតុលាការ ដើម្បីធ្វើការចាត់ការទៅតាម​ច្បាប់ ។

ដោយឡែកម៉ូតូ និងរថយន្តនៅកន្លែងកើតហេតុ សមត្ថកិច្ចជំនាញចុះធ្វើការវាស់វែង យករថយន្តនិងម៉ូតូរបស់ជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យ ចរា​
ចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរង់ធ្វើការដោះស្រោយគ្នា នៅពេលក្រោយ ចំណែកឯសពជនរងគ្រោះ ទាំងពីរនាក់ប្តីប្រពន្ធ ត្រូវសមត្ថកិច្ចប្រគល់ទៅឲ្យ សាច់ញាតិដឹកយកទៅធ្វើបុណ្យ តាមប្រពៃណីនៅឯផ្ទះ៕​

សហការី KBN