ចែករំលែក

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះបានចេញប្រតិបត្តិការ ដើរឆែកឆេរជនជាតិវៀតណាម ចូលមករស់នៅក្នុងទឹកដីកម្ពុជា ដោយខុសច្បាប់ចំនួន២១នាក់ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ នៅក្នុងខណ្ឌជ្រោយចង្វា។

មន្ត្រីនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅក្នុងការប្រតិបត្តិនេះ មានការចូលរួមពីកម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន សហការជាមួយកម្លាំង នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ គឺសមត្ថកិច្ចរបស់យើងបានធ្វើឡើងចំនួន២ទីតាំងផ្សេងគ្នា គឺទី១-នៅក្នុងការដ្ឋានបូមខ្សាច់ ស្ថិតក្នុងភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនជាតិវៀតណាម បានចំនួន១៧នាក់ ក្នុងនោះស្រី០២នាក់។ ដោយឡែកទីតាំងទី២-នៅម្តុំផ្សារព្រែកខ្វិត សង្កាត់ព្រែកលៀប ឃាត់ខ្លួនជនជាតិវៀតណាម បានចំនួន០៤នាក់ ក្នុងនោះស្រី០២នាក់។

លោកប្រធាននាយកដ្ឋាន បានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួន ជនជាតិវៀតណាមទាំង២១នាក់នេះ គឺមន្ត្រីជំនាញរកឃើញថា ពួកគេបានលួចឆ្លងដែនចូលស្នាក់នៅ និងធ្វើការដោយខុសច្បាប់ ហើយគ្មានសៀវភៅការងារ។

ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចបាននាំខ្លួនជនបរទេសខុសច្បាប់ទាំងនោះ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមនីតិវិធី៕ សហការី KBN-LIVE.com