ចែករំលែក

រថយន្តក្រុងប្រភេទពីរជាន់មួយគ្រឿង ដែលខូចយកមកទុកជួសជុល ស្រាប់តែឆ្លងចរន្តខ្សែ​ភ្លើង បណ្តាលអោយឆាបឆេះសន្ធោសន្ធៅ ឆ្លងរាលដាល ទៅរថយន្តក្រុងមួយគ្រឿងទៀត ដែលចតនៅក្បែរនោះ ​បង្កអោយមានការណ៍ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង៥០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចដីឡូត៍ទី១១ ដែលជាការ៉ាស់រថយន្តក្រុង របស់ក្រុមហ៊ុន VIP Gold ស្ថិតក្នុងភូមិ៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ​។

រថយន្តក្រុងខាងលើនេះ ជារថយន្តរបស់ក្រុមហ៊ុន VIP Gold ហើយបង្កចេញពីរថយន្តក្រុងទី១ ជាប្រភេទរថយន្ត២ជាន់មួយគ្រឿង​ ពណ៌ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ 3B-8199 ​ឆាបឆេះរងការខូចខាត ស្ទើរទាំងស្រុង ​បានឆេះរៀលដាល មកដល់រថយន្តក្រុងទី២ មួយគ្រឿងទៀត​ ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ3A-9701 បណ្តាលអោយឆេះដំបូលផ្ នែកខាងក្រោយចំហៀងខាងឆ្វេងអស់ ខូចខាតអស់ប្រមណ២០ភាគរយ ។

តាមសម្តីពីឈ្មោះ ឡន តុលា ភេទប្រុស អាយុ25ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត នៅភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ដែលជាតៃកុងរថយន្តម្នាក់ នៅក្នុងការ៉ាស់ខាងលើ បានអោយដឹងថា រថយន្តដែលឆេះទាំង២គ្រឿងនេះ ជារថយន្តខូចឡោកម៉ាស៊ីន យកទុកមកជួសជុល អស់រយៈពេលជាងមួយខែមកហើយ និងមានរថយន្តក្រុង ជាច្រើនគ្រឿងទៀត ដែលខូចយកមកទុកចោល ដែររង់ចាំជាងជួសជុល ម្តងមួយគ្រឿង ។

មុនពេលកើតហេតុ​ រថយន្តខាងលើ​ពុំមានជាង ​កំពុងជួសជុលនោះទេ គឺទុកចោល​ ស្រាប់តែធុំក្លិន​ឈ្ងៀម និងមានផ្សែងរួមទាំងមានអណ្តាតភ្លើង ឆេះចេញពីក្បាលរថយន្តទី១ ដែលជាប្រភេទ២ជាន់ ធ្វើឲ្យមានការស្រែកឆោឡោ នាំគ្នាយកបំពង់ពន្លត់អគ្គីភ័យ ​និងទាញទុយោមកបាញ់ពន្លត់ តែមិនបានរលត់ភ្លាមៗទេ បានឆាបឆេះកាន់តែខ្លាំងឡើង ឆេះរាលដាលបន្ត ទៅរថយន្តមួយគ្រឿងទៀត មានតែមួយជាន់​ ចតនៅក្បែរនោះ ​ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន អោយទាក់ទងហៅរថយន្តពន្លត់អគ្គីភ័យ មកជួយអន្តរាគមន៍ ទម្រាំតែរថយន្ត​ពន្លត់​អគ្គីភ័យ មកដល់ បាញ់ទឹកពន្លត់ អណ្តាតភ្លើងបានឆាបឆេះ ខូចខាតរថយន្តមួយគ្រឿង ​ស្ទើរទាំងស្រុងទៅហើយ ចំណែករថយន្តមួយគ្រឿងទៀត ឆេះខូចខាតតិចតួច ។

អគ្គីភ័យខាងលើនេះ មាន​រថយន្តពន្លត់អគ្គីភ័យ របស់ការិយាល័យបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចេញមកជួយអន្តរាគមន៍ ចំនួន៦គ្រឿង ប្រើប្រាស់ទឹក អស់​៤គ្រឿង​រលត់ទៅវិញ ​នៅម៉ោង១២និង១៥នាទីថ្ងៃដដែល។

ក្នុងហេតុការណ៍គ្រោះអគ្គីភ័យ ឆេះរថយន្តក្រុងដឹកអ្នកដំណើរនេះ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ​បណ្តាលមកពីឆ្លងចរន្ត អគ្គិសនីក្នុងរថយន្ត ​​។ អគ្គីភ័យនេះមិនបង្កគ្រោះថ្នាក់ ដល់មនុស្សនោះទេ ដោយគ្រាន់តែឆេះ ខូចខាតរថយន្តក្រុងចំនួន២គ្រឿង តែប៉ុណ្ណោះ គឺរថយន្តទី១ឆេះខូចខាតស្ទើរទាំងស្រុង និងរថយន្តទី២ ឆេះដំបូលផ្នែកខាងក្រោយ ចំហៀងខាងឆ្វេង អស់ប្រមាណជាង២០ភាគរយ៕

ផ្តល់សិទ្ធិដោយ៖ សារព័ត៌មាន KBN-live.com