ចែករំលែក

ប្រទេសថៃ៖ ក្រុមអ្នកសារព័ត៌មានក្នុងស្រុក បាននាំគ្នាចុះទៅយកព័ត៌មាន នៅកន្លែងរបស់គ្រូបញ្ចូលរូបម្នាក់ ស្ថិតនៅក្នុងខេត្តនុនថាក់បុរី ដោយសារតែ មានករណីគ្រូបញ្ចូលរូបនោះ បាន Live វីដេអូផ្ទាល់ ខណៈពេលដែលគាត់ កំពុងតែបញ្ចូលគ្រូនោះ ។

ពេលដែលក្រុមអ្នកកាសែត បានចុះទៅដល់ផ្ទះគ្រូបញ្ចូលរូបនោះ ក៏បានជួបជាមួយនិងបងស្រី របស់គ្រូនោះ ហើយគាត់បានរៀបរាប់ប្រាប់ថា ប្អូនស្រីរបស់គាត់ ត្រូវបានទេវបុត្រ ចូលសណ្ឋិតក្នុងខ្លួន ដោយមានទេវបុត្រ មួយអង្គ ឈ្មោះថា ចុកដាថេប។

គាត់បានបញ្ជាក់ទៀតថា តាមពិតមានទេវបុត្រ ៨ទៅ៩អង្គដទៃផ្សេងទៀត ដែលបានចូលសណ្ឋិតក្នុងខ្លួនប្អូនស្រីគាត់ ដើម្បីធ្វើកិច្ចបូជាផ្សេងៗ ព្រមទាំងសម្រាប់ប្រជាពលរដ្ឋក្នុងភូមិ គោរពបូជា។ គាត់បន្តទៀតថា ប្អូនស្រីរបស់គាត់ បានផ្តាំថា ព្រះអង្គទេពទាំងអស់ ហាមមិនឲ្យទទួលមើល ទស្សន៍ទាយ និងមិនបង្ខំឲ្យអ្នកមើល ដាក់ប្រាក់ថ្វាយ ឬវត្ថុផ្សេងៗនោះឡើយ ព្រោះនេះមិនមែនជាការរកស៊ី មុខជំនួញនោះទេ ។

ហើយគាត់បានបញ្ជាក់ដែរថា ការដែលប្អូនស្រីគាត់ ធ្វើការ Live វីដេអូនោះ គឺជាតម្រូវការរបស់ព្រះអង្គទេពតែម្តង ព្រោះតែគ្រួសារគាត់ ចូលចិត្ត Live វីដេអូលេង លុះពេលដែលព្រះអង្គទេព ចូលមកសណ្ឋិតក្នុងរូប អង្គទេពក៏បានសួរថា តើគេ Live វីដេអូដោយរបៀបណា?

គាត់បន្តទៀតថា ពេកព្រះអង្គទេពសួរដូច្នោះ គាត់ក៏បានបង្រៀនព្រះអង្គទេព ឲ្យចេះ Live វីដេអូ ហើយអង្គទេពក៏ចូលចិត្ត ទើបសម្រេច Live វីដេអូតាមហ្វេសប៊ូក ផ្ទាល់ដើម្បីឲ្យពលរដ្ឋបានទស្សនា ជាប្រយោជន៍និងចែកសៀវភៅធម៌ផងដែរ ។

បើតាមការឲ្យដឹង ពីលោកចៅអធិការវត្តម្នាក់ បានមានសង្ឃដីការថា លោកចង់ឲ្យអ្នកទស្សនា ប្រើការគិតជាធំ ព្រមទាំងចង់ឲ្យស្ត្រីនោះ បញ្ឈប់នូវទង្វើខាងលើនោះទៅ ព្រោះអ្នកខ្លះគិតថា វាជាការបោកបញ្ឆោត ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ណាមួយទៀតនោះ ព្រះអង្គចុកដាថេប គឺជាអង្គទេពក្នុងសាសនាហិណ្ឌូ មិនអាចមកចូលក្នុងខ្លួនមនុស្សបានឡើយ ។

ទោះជាយ៉ាងណា ក្រោយពីវីដេអូនោះត្រូវបាន Live និងបង្ហោះក្នុងប្រព័ន្ធហ្វេសប៊ូករួចមក គេសង្កេតឃើញថា មានអ្នកចូលទៅខមិនរិះគន់យ៉ាងខ្លាំង ហើយខ្លះក៏បានសរសេរពាក្យពេចន៍ធ្ងន់ៗ ចំពោះការ Live វីដេអូផ្ទាល់នោះទៀតផង ដោយភាគច្រើនលើសលប់ បានគិតថា ការចូលរូបរបស់ស្ត្រីខាងលើនេះ គឺជារឿងបោកប្រាស់ទាំងស្រុង ៕