ចែករំលែក

បុរសជនជាតិព័រទុយហ្គាល់ម្នាក់ វ័យ​ជាង៦០ឆ្នាំ​ ត្រូវបានម្ចាស់ផ្ទះសំណាក់ ផុតកុងត្រាជាមួយអ្នកជួល ​ស្មានថាអត់មានមនុស្សស្នាក់នៅ ​ក៏បានចាក់សោពីខាងក្រៅ តាំងពីម៉ោង៦រហូតដល់ម៉ោងជិត១០យប់ បុរសរូបនោះចេញក្រៅអត់រួច បានស្រែកផ្អើលទៅដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកកន្លែងកើតហេតុ ​កាលពីវេលាម៉ោង១២​អាធាត្រ ​ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ១១០ នៅចំណុចផ្ទះសំណាក់យីហោ ឈ្មោះដឹ ឡាហ័រ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

តាម​ប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅម្តុំកន្លែងកើតហេតុ បានរៀបរាប់ប្រាប់អោយដឹងថា មុនពេលកើតហេតុ ផ្ទះសំណាក់ខាងលើនេះ ត្រូវបានអ្នកជួលផ្ទះមុន គេឈប់ជួល ព្រោះផុតកុងត្រា ទើបម្ចាស់ផ្ទះ​ប្រាប់អោយភ្ញៀវ ស្នាក់នៅក្នុងផ្ទះនោះ ចេញទៅរកផ្ទះសំណាក់ផ្សេងទៀត ដើម្បីស្នាក់នៅជាបន្ត ។

លុះដល់ម៉ោង៦ល្ងាច ថ្ងៃកើតហេតុ ម្ចាស់ផ្ទះបានទៅ​ពិនិត្យ មើលផ្ទះរួចរាល់ហើយ ក៏បានចាក់សោរទ្វារពីខាងក្រៅ រហូតដល់ម៉ោង​១០យប់ ថ្ងៃដដែល ស្រាប់តែ​មានបុរសជនជាតិ ព័រទុយហ្គាល់ម្នាក់ ដែលស្នាក់នៅក្នុងបន្ទប់ អត់ដឹងថាម្ចាស់ផ្ទះសំណាក់ ផុតកុងត្រាជួល​ទេ បានដេកក្នុងបន្ទប់ លុះពេលចង់ចេញទៅខាងក្រៅ បែរជាបើកទ្វារអត់រួច បានគោះទ្វារ ប៉ុន្តែមិនមានអ្នកណាបើកឲ្យ ក៏បានស្រែករហូតផ្អើលដល់ សមត្ថ​កិច្ច​​ប៉ុស្តិ៍វត្តភ្នំ ចុះមកកន្លែងកើតហេតុ សង្ស័យថា ជាមនុស្សបែកថ្នាំស្រែកឡូឡា ប៉ុន្តែពេល​សួរនាំដឹង​ហើយ ក៏បានទំនាក់ទំនង ហៅម្ចាស់ផ្ទះអោយមក ចាក់សោរបើកទ្វារ ឲ្យ​ចេញមក​ខាងក្រៅ ។

ប្រភពដដែល បានបន្តទៀតថា សំណាងល្អហើយ ដែលជនជាតិបរទេសនោះ​ មិនកើតអី ប្រសិនបើ​គាត់មានជំងឺរើឡើង ដូចជាខ្យល់គនឹងគាំងបេះដូងស្លាប់ គឺម្ចាស់ផ្ទះនោះពិតជាមានរឿងហើយ ។ ក្រោយពេលកើតហេតុ ម្ចាស់ផ្ទះសំណាក់​ បានជូនបុរសជាជនជាតិបរទេសនោះ ទៅរកផ្ទះសំណាក់ថ្មី ដើម្បីអោយគាត់ស្នាក់នៅបន្ត ៕​