ចែករំលែក

ថៃ៖ កាលពីថ្ងៃទី១១ មេសា ២០១៨ របាយការណ៍របស់ប៉ូលិសថៃ បានចេញផ្សាយថា យ៉ាង​ហោច​ណាស់​មនុស្ស ៣៩​នាក់ បាន​បាត់បង់​ជីវិត និង ៤៦១​នាក់​ផ្សេង​ទៀត បាន​រង​របួស​ធ្ងន់ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​អំឡុង​ពេល​ថ្ងៃ​ឈប់​សម្រាក ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ថៃ។ តួ​លេខ​អ្នក​ស្លាប់ និង​របួស​ទាំង​នេះ បាន​មក​ពី​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍ ​នៅ​លើ​ដង​ផ្លូវ​ចំនួន ៤៤៧​ខ្សែ ទូទាំង​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៨។

ជា​ទូទៅ នៅ​អំឡុង​ពេល​សង្ក្រាន្ត​ឆ្នាំ​ថ្មី ថៃ​តែង​កំណត់​យក​ចន្លោះ​ រយៈពេល៧​ថ្ងៃ ចាត់​ទុក​ជា​ថ្ងៃ​គ្រោះថ្នាក់​ជាង​គេ​បំផុត (ថ្ងៃ​មរណៈ​៧​ថ្ងៃ)។

ទោះជាយ៉ាងណា លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ Weerasak Kowsuwat បានប្រាប់អ្នកសារព័ត៌មានថា មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍ ​នៅ​ថ្ងៃ​ទី​១​ នៃ​ថ្ងៃ​មរណៈ​៧​ថ្ងៃ​នេះ បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន​ដូចជា បើក​បរ​ពេល​ស្រវឹង (៤០,៤៩%) និង​បើក​ហួស​ល្បឿន​កំណត់ (២៦,៦២%) ជា​ដើម។ លោក​បន្ត​ថា គ្រោះថ្នាក់​ភាគ​ច្រើន​ កើត​លើ​អ្នក​ជិះ​ម៉ូតូ (៨១,៩៦%) ហើយ​ពេល​វេលា ​ដែល​គ្រោះថ្នាក់​ច្រើន​ជាង​គេ ​គឺ​ចន្លោះ​ពី​ម៉ោង ៤​ល្ងាច ដល់​ម៉ោង ៨​យប់៕

ប្រភព៖ KBN