ចែករំលែក

តាកែវ៖ កាលពី​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម ស្ថិតក្នុង​ភូមិ​ជ្រោយ​ស្លែង ឃុំ​គិរី​ចុង​កោះ ស្រុក​គិរីវង់ ខេត្តតាកែវ ដែល​មាន​ទិសដៅ​ខ្វែង​គ្នា​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបណ្តាលអោយ​នគរបាល​ខេត្តតាកែវ​ម្នាក់​បាន​រងរបួស​ធ្ងន់ ក្នុង​ហេតុការណ៍រថយន្ត​​ ដឹក​ដី បើក​បុក​រថយន្ត​ស៊ឺរ៉ែន​នាំ​ក្បូន​គណៈប្រតិភូ​។​

​ក្នុង​របាយការណ៍​រប​ស់​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ ដែល​បាន​ជម្រាបជូន​លោក​នាយ​ឧត្តមសេនីយ៍​អគ្គស្នងកា​រ​នគរបាលជាតិ បានឲ្យដឹងថា រថយន្ដ​ម៉ាក​នី​សាន់​ធី​តាន់ ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ​បាត់ដំបង 3A-0467 (​គ្មាន​ការខូតខាត​) បើកបរ​ដោយ​ឈ្មោះ សៀន រិទ្ធី អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍​សង្កែ ឃុំ​កំណប់ ស្រុក​គិរីវង់ បាន​បើករថយន្ត​ឆ្លងផ្លូវ​បុក​ជាមួយ​រថយន្ត​ស៊ឺរ៉ែន នាំ​ក្បូន​ប្រតិភូ ម៉ាក​កាមរី​បា​ឡែន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ នគរបាល​2-8866 បើកបរ​ដោយ​លោក​អនុសេនីយ៍ទោ ភុំ សុខ​គា អាយុ​៣១​ឆ្នាំ ឋានៈ​មន្ដ្រី​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក រស់នៅ​ភូមិ​ផ្សារ​តា​កោ សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ (​គ្មាន​របួស​) និង​អ្នករួមដំណើរ ៣​នាក់ គឺ​លោក​ឧត្តមសេនីយ៍ត្រី ប៉ុក ពល​រិទ្ធ អាយុ ៥៥​ឆ្នាំ ឋានៈ ស្នងការរង​ទទួល​ផែន​សណ្ដាប់ធ្នាប់ រស់នៅ​ភូមិ​ថ្នល់​បែក សង្កាត់រ​កា​ក្រៅ ក្រុង​ដូន​កែវ រងរបួស​ធ្ងន់ លោក​អនុសេនីយ៍ឯក ស្រាត អុល អាយុ​៤៤​ឆ្នាំ ឋានៈ​មន្ត្រី​ការិយាល័យ​ចរាចរណ៍ រស់នៅ​ភូមិ​ត្រពាំង​ខ្នារ ឃុំ​លាយ​បូរ ស្រុក​តាំ​កក់ (​គ្មាន​របួស​) និង​លោក​អនុសេនីយ៍ទោ ជ្រុន ផល្លី អាយុ​២៩​ឆ្នាំ ឋានៈ​មន្ត្រី​ការិយាល័យ​ចរាចរណ៍ រស់នៅ​ភូមិ​ពញាឮ ឃុំ​ប្រាំបី​មុំ ស្រុក​ទាំង (​គ្មាន​របួស​) ។ ចំណែក​រថយន្ត​ស៊ឺរ៉ែន​នគរបាល មាន​ការខូចខាត​ធ្ងន់​ផ្នែក​ខាងស្តាំ​។ ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​

​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង បាន​ថ្លែងថា “​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរ​នេះ មកពី​អ្នកបើករថយន្ត​ម៉ាក​នី​សាន់​ធី​តាន់ បើក​ក្នុង​ល្បឿន​លឿន ហើយ​ឆ្លងកាត់​ផ្លូវ​ខ្វះ​ការប្រុងប្រយ័ត្ន បាន​ទៅបុក​នឹង​រថយន្ត​ស៊ឺរ៉ែន​របស់​នគរបាល ចំ​ពី​ចំហៀង​ផ្នែក​ខាងស្តាំ ។ រីឯ​អ្នកបើកបរ​រថយន្ដ​បង្ក ត្រូវបាន​កម្លាំង​ជំនាញ ធ្វើការ​ឃាត់ខ្លួន ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​”៕​