ចែករំលែក

EWA៖ បើតាមការចេញផ្សាយរបស់ EWA ដែលបានយកឯកសារពីខាង BBC មកធ្វើការចេញផ្សាយ ដោយបានបញ្ជាក់ថា ព្រះយេស៊ូ ធ្លាប់បួសជាព្រះសង្ឃក្នុងព្រះពុទ្ធសាសនា។

ហើយខាងក្រោមនេះជាអត្ថន័យមួយចំនួន ដែលបានបកប្រែចេញពីអត្ថបទបរទេសមួយដែលនិយាយពីជីវិតព្រះយេស៊ូក្នុងសំណាក់ព្រះពុទ្ធសាសនា។

រឿងរ៉ាវជីវិតនៃមហាបុរសដ៏ល្បីល្បាញបំផុតម្នាក់មានចំនុចខ្លះស្ថិតក្នុងភាពអាថ៌កំបាំងមិនទាន់មានគេដឹងនៅឡើយ។ ចន្លោះអាយុ១៣ឆ្នាំ ដល់២៩ឆ្នាំ គ្មានកំណត់ត្រាណាមួយរបស់គម្ពីរប៊ីបក្ដី របស់បស្ចិមប្រទេសក្ដី ឬរបស់មជ្ឈិមបូព៌ាក្ដី កត់ត្រានូវទីកន្លែងរបស់ព្រះយេស៊ូ ឬនិយាយពីសកម្មភាពរបស់ទ្រង់ក្នុងប្រទេសប៉ាលេស្ទីនឡើយ។ រយៈពេលដ៏អាថ៌កំបាំងនេះនៅតែបន្ដរហូតដល់ឆ្នាំ១៨៨៧ ទើបមានអ្នកស្រាវជ្រាវម្នាក់អាចបកស្រាយបាន។

នៅស.វទី១៩ អ្នកប្រាជ្ញជនជាតិរុស្សុីម្នាក់ឈ្នោះនីកូឡាស ណូតូវិតច៍ (Nicolas Notovitch) បានធ្វើដំណើរឆ្លងកាត់ប្រទេសឥណ្ឌា ទីបេត៍ និង អាហ្វកានីស្ថាន។ គាត់បានកត់ត្រានូវសកម្មភាពរបស់គាត់ហើយបានសរសេរសៀរភៅមួយក្បាលក្នុងឆ្នាំ១៨៩៤មានចំណងជើងថា ជីវិតអាថ៌កំបាំងនៃព្រះយេស៊ូ( Unknown life of the Christ) ។ មានថ្ងៃមួយកំលុងពេលធ្វើដំណើររបស់គាត់ នៅឆ្នាំ១៨៨៧ គាត់របួសជើងម្ខាង ហើយត្រូវបានគេនាំយកទៅសម្រាកព្យាបាលក្នុងវត្តព្រះពុទ្ធសាសនាមួយកន្លែងរបស់ទីបេត៍ឈ្មោះហែមិស(Hemis) នៅទីក្រុង ឡេហ៍ (Leh) នៃតំបន់ខ្ពស់បំផុតនៃប្រទេសឥណ្ឌា។ នៅទីនោះព្រះសង្ឃបានយកក្រាំងសៀវភៅពីរច្បាប់ធំៗសរសេរជាភាសាទីបេត៍ ជូនគាត់។ សៀវភៅនោះមានឈ្មោះថា ជីវិតនៃភិក្ខុអុិស្សា (The Life of Saint Issa)។ គាត់បានយកសៀវភៅនោះមកបកប្រែ។ សៀវភៅនោះនិយាយពីរឿងរ៉ាវពិតនៃកុមារាម្នាក់ឈ្មោះយេស៊ូដែលបានកើតឡើងនៅស.វទី១ក្នុងគ្រួសារក្រីក្រមួយក្នុងប្រទេសអុីស្រាអែល។ យេស៊ូ=អុិស្សា មានន័យថាបុត្រាព្រះជាម្ចាស់។ ឈ្មោះនេះត្រូវបានក្រុមបញ្ញវន្តព្រះសង្ឃមួយក្រុមដែលបានបង្ហាត់បង្រៀនព្រះធម៌របស់ព្រះពុទ្ធដល់ទ្រង់ចន្លោះពេលព្រះជន្ម១៣ឆ្នាំដល់២៩ឆ្នាំ ជាអ្នកដាក់ឱ្យ។ នីកូឡាស ណូតូវិតច៍ បានបកប្រែសៀវភៅនោះបាន២០០ខក្នុងចំណោម២២៤ខ។ នៅក្នុងវត្តព្រះសង្ឃបានប្រាប់គាត់ថាព្រយេស៊ូបានសម្រេចនូវធម៌ជាន់ខ្ពស់។
« យេស៊ូគឺជាមហាព្យាការីឆ្នើមមួយរូប។ ទ្រង់ជាព្រះពុទ្ធមួយអង្គក្នុងចំណោមព្រោះព្រះពុទ្ធដំបូងបង្អស់បន្ទាប់ពីព្រះពុទ្ធ២២ព្រះអង្គ។ » ព្រះសង្ឃឡាម៉ាបាននិយាយដូច្នេះប្រាប់ នីកូឡាស ណូតូវិតច៍ រួចបន្ដទៀតថា «ទ្រង់អស្ចារ្យជាងសម្ដេចសង្ឃដាឡាយ ឡាម៉ាណាៗទាំងអស់ ព្រោះទ្រង់ជាផ្នែកមួយនៃព្រះវិញ្ញាណនៃព្រះជាម្ចាស់របស់យើង។ ទ្រង់ជាអ្នកប្រោសយើងរាល់រូប ទ្រង់ជាអ្នកនាំយកនូវវិញ្ញាណអាក្រក់ត្រលប់ទៅវិញនៅគ្រាដែលសាសនាចុះថមថយ ទ្រង់ជាអ្នកបង្ហាត់បង្ហាញយើងឱ្យស្គាល់អ្វីល្អនិងអ្វីជាអំពើបាប។ ព្រះនាមរបស់ទ្រង់ និងសកម្មភាពរបស់ទ្រង់ត្រូវបានកត់ត្រាទុកក្នុងព្រះគម្ពីរបរិសុទ្ធ។ នៅពេលបានអានពីប្រវត្តិដ៏អស្ចារ្យរបស់ទ្រង់ដែលបានហែលឆ្លងកាត់នូវចំកណ្ដាលហ្វូងមនុស្សបាបទាំងឡាយ យើងសូមថ្លែងនូវសេចក្ដីទុក្ខក្រៀមក្រំចំពោះអំពើបាបនៃពួកអ្នកកាន់សាសនាដែលបានធ្វើទារុណកម្មលើទ្រង់រហូតដល់សោយទិវង្គត។ »

ការស្វែងរកនូវពេលវេលាគង់នៅក្នុងប្រទេសឥណ្ឌារបស់ព្រះយេស៊ូគឺរត់ត្រង់គ្នាល្អឥតខ្ចោះនឹងពេលវេលាដែលព្រះយេស៊ូបាត់ខ្លួន ហើយក៏វាពាក់ព័ន្ធគ្នានឹងការប្រសូតរបស់ទ្រង់នៅមជ្ឈិមបូព៌ាដែរ។ នៅពេលណាមានពុទ្ធសាសនិកជនឆ្នើមណាមួយដូចជាសម្ដេចសង្ឃដាឡាយឡាម៉ាជាដើមសោយទិវង្គត ក្រុមអ្នកប្រាជ្ញបានប្រមូលផ្ដុំគ្នាតាមដានមើលផ្កាយនិងប្រផ្នូលផ្សេងៗ រួចហើយពួកគេចាប់ផ្ដើមចេញដំណើរស្វែងរកទារកណាដែលជាសម្ដេចដាឡាយឡាម៉ាចាប់ជាតិ។ លុះដល់ពេលទារកនោះធំដឹងក្ដី គេត្រូវបានយកពីឪពុកម្ដាយឱ្យ ទៅរៀនធម៌នៅវត្ត។ ពួកអ្នកជំនាញសន្និដ្ឋានថាវាគឺជាប្រភពដើមនៃរឿងរ៉ាវនៃអ្នកប្រាជ្ញបីនាក់(Three Wise Men) ហើយគេជឿថានៅពេលព្រះយេស៊ូមានព្រះជន្ម១៣ឆ្នាំ ត្រូវបានគេនាំយកទៅប្រទេសឥណ្ឌាដើម្បីសិក្សារៀនសូត្រព្រះធម៌របស់ព្រះពុទ្ធ។ នៅសម័យនោះសាសនាព្រះពុទ្ធមានអាយុកាលបាន៥០០ឆ្នាំហើយ ចំណែកសាសានាយេស៊ូគ្រិស្តនៅមិនទាន់កើតឡើងនៅឡើយទេ។

« គេបានដំណាលតៗមកថាព្រះយេស៊ូបានមកកាន់ដែនដីរបស់ពួកយើងនិងតំបន់កាស្មៀរដើម្បីរៀនធម៌របស់ព្រះពុទ្ធ។ ពុទ្ធនិយាម ជាអ្នកនាំទ្រង់មកទីនេះ » ព្រះសង្ឃជាន់ខ្ពស់មួយអង្គនៃវត្តហែមិសបានប្រាប់ភ្នាក់ងារសារព័ត៌មានIANS ដូច្នេះ។ ព្រះចៅអធិការវត្តក៏មានសង្ឃដិកាដូចគ្នាដែរ។ ចាប់តាំងពីពេលនោះមកឯកសារទាំង២២៤ខនោះត្រូវបានយកមកចងក្រងសារជាថ្មីដោយទស្សនវិទូនិងជាអ្នកវិទ្យាសាស្ត្រជនជាតិរុស្សុីម្នាក់ឈ្មោះនីកូឡាស រ៉ូរិច (Nicolas Roerich)។ នៅឆ្នាំ១៩៥២ គាត់បានចងក្រងឯកសារនិយាយពីប្រវត្តិព្រះយេស៊ូបួសរៀនក្នុងវត្ត។
«ព្រះយេស៊ូបានចំណាយពេលស្នាក់នៅនៅទីក្រុងបុរាណមួយចំនួនរបស់ឥណ្ឌាដូចជាបេណារេសឬពារាណសី។ មនុស្សគ្រប់គ្នាចូលចិត្តទ្រង់ ព្រោះទ្រង់មានក្ដីសន្ដោសចំពោះពួកមនុស្សក្នុងវណ្ណៈ វេស្សៈ និងសុទ្រៈដែលត្រូវបានគេចាត់ទុកថាជាវណ្ណៈថោកទាប ហើយទ្រង់ក៏បានបង្ហាត់បង្រៀនពួកគេដែរ » នីកូឡាស រ៉ូរិចបានសរសេរដូច្នេះក្នុងសៀវភៅរបស់គាត់។
ព្រះយេស៊ូបានយាងទៅបង្រៀនធម៌ដល់ទីក្រុងបុរាណពិសិដ្ឋមួយចំនួននៃដែនដី Jagannath ពារាណសី(ក្នុងឧត្តរប្រទេស) និងទីក្រុងរាជគ្រឹះ។ ការណ៍ទាំងនេះបានធ្វើឱ្យពួកព្រាហ្មណ៍ខឹងសម្បារនឹងទ្រង់យ៉ាងខ្លាំង រួចនិរទេសទ្រង់ទៅកាន់ព្រៃហិមពាន្ត។ នៅទីនោះទ្រង់ចំណាយពេល៦ឆ្នាំ ផ្សេងទៀត ដើម្បីសិក្សាព្រះធម៌។

អ្នកប្រាជ្ញអាល្លឺម៉ង់មួយរូបឈ្មោះ ហុលកឺ ខើស្តិន (Holger Kersten) ក៏បានសរសេររៀបរាប់ពីឆ្នាំដំបូងនៅក្នុងប្រទេសឥណ្ឌា របស់ព្រះយេស៊ូផងដែរក្នុងសៀវភៅដែលមានចំណងជើងថា«ព្រះយេស៊ូរស់នៅប្រទេសឥណ្ឌា»។
គាត់បានសរសេរថា «ទ្រង់បានមកដល់ដែនដីសិណ្ឋ(Sindh)តាមបណ្ដោយទន្លេឥណ្ឌុសជាមួយពួកឈ្មួញ។ ទ្រង់រស់នៅជាមួយពួកអរិយ័នដើម្បីបំពេញនូវបារមីធម៌និងរៀនពុទ្ធវចនៈ។ ទ្រង់យាងទៅកាន់ដែនដីនៃទន្លេ៥ ស្នាក់នៅមួយរយៈពេលខ្លីជាមួយពួកអចេលក៍ មុននឹងយាងទៅកាន់ទីក្រុងJagannath »។

នៅក្នុងឯកសារស្រាវជ្រាវរបស់BBC ដែលមានចំណងជើងថា ព្រះយេស៊ូគឺជាអ្នកបួសក្នុងព្រះពុទ្ធសាសនា(Jesus was a Buddha monk) និយាយថា «ព្រះយេស៊ូបានគេចខ្លួនពីការចាប់ឆ្កាង ហើយក្នុងវ័យជាង៣០ឆ្នាំទ្រង់បានវិលមករកដែនដីដែលទ្រង់ស្រឡាញ់បំផុត។ ទ្រង់មិនត្រឹមតែរត់គេចពីការកាត់ទោសប្រហារជីវិតនោះប៉ុណ្ណោះទេ ថែមទាំងបានទៅស្កាត់ជួបជនជាតិជ្វីសដែលតាំងទីលំនៅក្នុងប្រទេសអាហ្វកានីស្ថានទៀតផង។ ពួកនេះបានរត់គេចពីការធ្វើទុកបុកម្នេញរបស់អធិរាជជ្វីស ឈ្មោះNebuchadnezzar។ ពួកអ្នកស្រុកបានអះអាងថាព្រះយេស៊ូបានចំណាយពេលពីរបីឆ្នាំនៅជ្រលងភ្នំកាស្មៀរ រហូតដល់ទ្រង់សោយទិវង្គតក្នុងព្រះជន្ម៨០វស្សា។ រយៈពេល១៦ឆ្នាំក្នុងភាពជាយុវវ័យដែលទ្រង់បានចំណាយរស់នៅតាមតំបន់ បូកនិងរយៈពេល៤៥ឆ្នាំចុងក្រោយផង មានន័យថាទ្រង់បានចំណាយពេល៦១ឆ្នាំរស់នៅប្រទេសឥណ្ឌា ទីបេត៍ និងតំបន់ក្បែរនោះ។ អ្នកស្រុកជឿថាសាកសពទ្រង់ត្រូវបានគេកប់នៅបូជនីយដ្ឋាន Roza Bal ក្នុងទីក្រុង ស្រីនគរ (Srinagar) ក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា »។

ប្រភព៖ Camnews.asia