ចែករំលែក

​ខេត្តរតនគិរី​៖​ ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ទើបនឹងចេញពីសាលារៀន បន្ដដំណើរទៅដេកផ្ទះជីតា ក៏ត្រូវជនពាលស្ទាក់តាមផ្លូវ ចាប់រំលោភសេពសន្ថវៈ រួចច្របាច់កសម្លាប់បំបិទភស្ដុតាង ហើយសាកសពរបស់នាង ត្រូវឪពុកម្ដាយរបស់នាងប្រទះឃើញ ស្រែកទ្រហោយំ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី២១ ខែកុម្ភៈ នៅក្នុងចម្ការស្វាយចន្ទីមួយកន្លែង ស្ថិតក្នុងភូមិ១ ឃុំឡាមិញ ស្រុក​បកែវ។

មន្ត្រីនគរបាលស្រុកបកែវ បានឲ្យដឹងថា យុវតីរងគ្រោះដែលត្រូវជនដៃដល់សម្លាប់នោះ ឈ្មោះ​ ក្វេះ​ ខា​ អាយុ​១៥​ឆ្នាំ​ ជនជាតិ​ទំពួន មុខ​របរ​ជា​សិស្ស​រៀន​ថ្នាក់​ទី​៦​ នៃសាលា​បឋម​សិក្សា​ភូមិ​ស៊ូ​ មាន​ឪពុកចុង ​ឈ្មោះ​ សេវ​ ទាស់​ និង​ម្ដាយបង្កើត​ ឈ្មោះ​ ខ្វាស់​ ខ្ច​យ​ រស់នៅ​ភូមិ​ស៊ូ​ ឃុំ​ឡា​មិ​ញ​ ស្រុក​ប​កែវ​ ខេត្តរតនគិរី​។

​លោក​ សេវ​ ទាស់​ ជា​ឪពុកចុង​របស់ក្មេង​ស្រី​រងគ្រោះ បាន​រៀបរាប់​ប្រាប់សមត្ថកិច្ច​ថា​ ជារៀងរាល់ថ្ងៃ ​កូនស្រី​របស់គាត់តែងតែ​ ជិះ​ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១២ ពាក់ស្លាកលេខ រតនគិរី 1c-0423 ចេញ​ពី​​ភូមិ​ទៅ​រៀន​គួនៅ​ទីរួមស្រុក​ប​កែវ​ ហើយត្រឡបមកផ្ទះវិញ​ នាវេលា​ម៉ោង​៤​ល្ងាច។ លុះមកដល់ថ្ងៃកើតហេតុ មុននឹងចេញទៅរៀន កូនស្រីរបស់គាត់ បានប្រាប់មកគាត់ថា ពេលចេញពីរៀន នាងមិនត្រឡប់មកផ្ទះទេ គឺនាងទៅដេកនៅផ្ទះជីដូបង្កើតរបស់នាង នៅឯទីរួមស្រុកបកែវ។ រហូតដល់វេលាម៉ោជា​៧​យប់​ថ្ងៃ​ដដែល​ ម្ដាយបង្កើត​របស់នាងបាន​ចុចទូរស័ព្ទ​ទៅ​សួរ​ជីដូនបង្កើតរបស់នាង ​នៅ​ទីរួមស្រុក​ ស្រាប់តែគាត់ឆ្លើយថា ចៅ​គាត់​(​សព​)​ត្រឡប់​ទៅ​វិញ​យូរហើយ​។​

​លោក​ សេវ​ ទាស់​ បាន​បន្ត​ទៀត​ថា​ ឮ​ដំណឹង​នេះ​ភ្លាម​ គាត់​មានការព្រួយបារម្ភពីសុុវត្ថិភាពកូន ក៏ទាញម៉ូតូដឹកប្រពន្ធដើររក និង​បញ្ចាំង​ពិលរ​កមើល ស្រាប់តែ​ឃើញ​ចំណាំងផ្លាត​ពី​ស្លាក​លេខ​ម៉ូតូ​ ហើយ​បានស្គាល់​ស្លាក​លេខ​ម៉ូតូ​កូនស្រីរបស់គាត់ដែលជិះរាល់ថ្ងៃ។ ប៉ុន្តែនៅពេលគាត់ចូលទៅដល់ គឺឃើញកូនរបស់គាត់បានដេកអាក្រាតកាយស្លាប់បាត់ទៅហើយ ធ្វើឲ្យពួកគាត់យំស្រែក ផ្អើលដល់អ្នកភូមិនាំគ្នារត់ទៅមើល។

មន្ត្រីនគរបាលដដែល បានបន្តថា​ បន្ទាប់ពីទទួលបាននូវព័ត៌មានបែប សមត្ថកិច្ចមូលដ្ឋាន និងនគរបាលជំនាញ បានចុះទៅកាន់កន្លែងកើតហេតុ ហើយនៅព្រឹក​ឡើង​ថ្ងៃ​ទី​២២​ ខែ​កម្ភៈ​ ឆ្នាំ​២០១៨នេះ​ លោក​ រ៉ា​ន​ រ៉ា​ឌី​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​បាន​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ​ នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​ និង​គ្រូពេទ្យ​ចុះ​ទៅ​ពិនិត្យ​ធ្វើ​កោសល្យវិ​ច័យ​លើ​សព​ ដើម្បី​កំណត់​មុខសញ្ញារបស់ជនដៃដល់​។​

មន្ត្រី​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ត្រ​ នៃ​ស្នងការ​រ​ដ្ឋា​ន​នគ​បាល​ខេត្ត​ បាន​ឲ្យ​ដឹង​ថា​ បើ​យើង​មើល​ទិដ្ឋភាព​នៃសាកសពជាជំ​ហាន​ដំបូង​ យើងអាច​សន្និដ្ឋាន​បាន​ថា​ នេះជា​ករណី​រំលោភ​សម្លាប់​។ ​បើ​តាម​ការ​ធ្វើ​កោសល្យ​វិ​ច័​យ​ រកឃើញ​ថា​ សព​មាន​ស្នាម​វាយ​បែក​ច្រមុះផ្នែកខាងស្ដាំ​ ហើយជនរងគ្រោះត្រូវជនដៃដល់​ច្របាច់ក​សម្លាប់។ ចំណែក​ការ​រំលោភ​សេពសន្ថវៈ​ គឺមិន​មាន​ទេ​ ពីព្រោះ​ជនរងគ្រោះ​បានបាត់​កងដៃ​ដែល​មាន​តម្លៃប្រហែល​ជា​២​លាន​រៀល​ ហើយម៉ូតូ​ម៉ាក​ហុងដាឌ្រី​មរបស់នាង មិន​បាត់បង់​ឡើយ​។​

ក្រោយពេលពិនិត្យ និង​ធ្វើ​កំណត់ហេតុ​រួចហើយ សមត្ថកិច្ច​ទាក់ទង​រថយន្ត​មន្ទីរពេទ្យ​បង្អែក​ស្រុក​ប​កែវ​ មកដឹក​យក​សព​របស់យុវតីរងគ្រោះ ប្រគល់​ជូន​ក្រុម​គ្រួសារ​ដល់​គេហដ្ឋាន​ ដើម្បី​រៀបចំធ្វើបុណ្យ​តាម​ប្រពៃណី​ជនជាតិ​ដើម​ភាក​តិច​។​ បច្ចុប្បន្ន សមត្ថកិច្ចកំពុងតាមដាន​ និងស្រាវជ្រាវវែកមុខឃាតករ ដើម្បីនាំមកផ្ដន្ទាទោសតាមច្បាប់៕