ចែករំលែក

ភ្នំពេញ៖ មានហេតុការណ៍ដ៏គួរឲ្យហួសចិត្តមួយ បានកើតឡើងដោយគ្រូពេទ្យនៅមន្ទីរពេទ្យ បង្អែកខេត្តកំពង់ចាម ដែលបង្កការធ្វេសប្រហែសយ៉ាងធ្ងន់ធ្ងរបំផុត ដែលកម្រកើតមានឡើង ចំពោះស្ត្រីរងគ្រោះម្នាក់ ដែលបានសម្រាលកូន ដោយការវះកាត់ តែក្រោយសម្រាលកូនហើយ ស្ត្រីរងគ្រោះ ចេះតែមានការឈឺចាប់ ក្នុងពោះខ្លាំងទៅៗរៀងរាល់ថ្ងៃ អស់រយៈពេលជាង៣ខែមកហើយ ទោះប្រើឱសថព្យាបាល យ៉ាងណាក៏មិនបាត់សោះ។

ដោយសារតែទ្រាំនិងការឈឺចាប់មិនបាន នាងក៏សម្រាប់ចិត្តធ្វើការវះកាត់ម្តងទៀត តែអ្វីដែលនឹកស្មានមិនដល់ និងហួសចិត្តយ៉ាងពន់ពេកនោះ មូលហេតុដែលនាំឲ្យស្ត្រីរងគ្រោះ មានការឈឺចាប់ គឺមានកូនកន្សែងមួយ ដែលគ្រូពេទ្យភ្លេចក្នុងពោះ អំឡុងពេលវះកាត់ សម្រាលកូននៅមន្ទីរបង្អែក ខេត្តកំពង់ចាម។

ហេតុការណ៍នេះ បានកើតឡើងចំពោះស្ត្រីម្នាក់ ដែលមានស្រុកកំណើតនៅក្នុងភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម មុខរបរជាគ្រូបង្រៀន នៅវិទ្យាល័យពាមជីកង ហើយបច្ចុប្បន្ននេះ គាត់កំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យ​ឯកជនមួយ ក្នុងរាជធានីភ្នំពេញ ជាមួយនឹងភាពខ្វាយខ្វល់អំពីបញ្ហាអស់លទ្ធភាព ក្នុងការព្យាបាលខ្លួនតទៅទៀត ស្របពេលដែលស្ថានភាព ជំងឺកាន់តែដុនដាបទៅៗ។

បើតាមប្អូនរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ឲ្យដឹងថា កាលពីជាង៣ខែមុន បងស្រីបង្កើតរបស់ខ្លួន បានទៅសម្រាលកូនដំបូង នៅមន្ទីរបង្អែកខេត្តកំពង់ចាម ពេលនោះគ្រូពេទ្យថា បើសម្រាលតាមធម្មជាតិមិនបានឡើយ ទាល់តែសម្រាល ដោយការវះកាត់។ ក្រោយគ្រូពេទ្យប្រាប់យ៉ាងដូច្នេះ ជនរងគ្រោះ និងក្រុមគ្រួសារក៏សម្រេចចិត្តវះតែម្ដង។ ក្រោយសម្រាលមិនបានប៉ុន្មានផង ស្ត្រីរងគ្រោះចេះតែមាន ការឈឺចុកចាប់ក្នុងពោះរហូត និងខ្លាំងទៅៗ ខណៈការពិនិត្យ និងការប្រើប្រាស់ឱសថតិចច្រើន ក៏បានធ្វើជាបន្តបន្ទាប់ដែរ តែអាការឈឺចាប់នោះមិនព្រមបាត់រសាយទៅវិញសោះ។

នាងបានបន្តថា ដោយសារការឈឺចាប់ ចេះតែមានសភាពធ្ងន់ធ្ងរទៅៗ ទើបក្រុមគ្រួសារ ក៏សម្រេចចិត្តបញ្ជូនស្ត្រីរងគ្រោះ មកមន្ទីរពេទ្យ​ឯកជនមួយ នៅរាជធានីភ្នំពេញ ដើម្បីឆ្លុះមើលរកមូលហេតុ និងព្យាបាល ដល់ពេលឆ្លុះក៏ឃើញមានដុំម្យ៉ាង ក្នុងពោះដែរ ប៉ុន្តែពេទ្យប្រាប់ថា ជាដុំក្នុងពោះធម្មតាដូចគេដូចឯងទេ ពោលប្រើតែថ្នាំចាក់ និងលេបទៅ នឹងធូរស្បើយហើយ ប៉ុន្តែមិនដូចការគិតនោះទេ ស្ត្រីរងគ្រោះនៅតែមាន ការឈឺចាប់ខ្លាំងទៅៗរាល់ថ្ងៃ ក៏សម្រេចចិត្តជាមួយក្រុមគ្រួសារថា វះកាត់ម្ដងទៀត ដើម្បីរកមូលហេតុ នៃការឈឺចាប់ដ៏ធ្ងន់ធ្ងរនេះ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨។

ក្នុងពេលវះកាត់នោះ អ្វីដែលធ្វើឲ្យគ្រប់គ្នា មានការហួសចិត្ត និងរន្ធត់ផងនោះ គឺគ្រូពេទ្យបានរកឃើញកូនកន្សែង ពណ៌សមួយ ប្រឡាក់ឈាមក្រហមឆ្អិន នៅក្នុងពោះរបស់បងស្រីរបស់ខ្លួន ដែលនេះហើយ ជាមូលហេតុនាំឲ្យស្ត្រីរងគ្រោះ ឈឺចុកចាប់ អស់ពេលជាង៣ខែយ៉ាងដូច្នេះ ដែលម្នាក់ៗមានការហួសចិត្តយ៉ាងខ្លាំង ចំពោះការធ្វេសប្រហែស របស់គ្រូពេទ្យនៅខេត្តកំពង់ចាម អំឡុងពេលស្ត្រីរងគ្រោះ សម្រាលកូននោះ។

ដើម្បីបង្ហាញពីការធ្វេសប្រហែស ក្នុងន័យជំរុញឲ្យមានការប្រុងប្រយ័ត្ន ទៅថ្ងៃមុខ ក្រុមគ្រួសារស្ត្រីរងគ្រោះ បានជូនដំណឹងទៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាមដែរ ប៉ុន្តែអ្វីដែលហួសចិត្តនោះ ខាងមន្ទីរពេទ្យ ដែលមានគ្រូពេទ្យម្នាក់ អះអាងថា ខ្លួនឯងជាអនុប្រធានមន្ទីរពេទ្យ បានប្រកែកមិនចង់ទទួលស្គាល់ ការធ្វេសប្រហែសនេះឡើយ ដោយប្រាប់ថា ចាំសិន លុះដល់២-៣សប្ដាហ៍ក្រោយមក ក្រុមគ្រួសារជនរងគ្រោះ បានសាកសួរទៅគ្រូពេទ្យកំពង់ចាម ជាបន្តបន្ទាប់ទៀត តែខាងមន្ទីរពេទ្យ នៅតែគ្មានដំណោះស្រាយ ជូនជនរងគ្រោះនៅឡើយ ដោយបញ្ជាក់ថា ចាំគេប្រជុំគ្នាសិន និយាយរួម គ្មានដំណោះស្រាយជូនជនរងគ្រោះ សូម្បីតែប៉ុនក្រចកដៃ។ នេះបើតាមការបន្ថែមរបស់ប្អូនស្រីជនរងគ្រោះ។

ទោះជាយ៉ាងណា ស្ត្រីរងគ្រោះព្រមទាំងក្រុមគ្រួសារ មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុខភាព និងថវិកាក្នុងការព្យាបាលជំងឺបន្តទៅទៀត ដោយការឈឺចុកចាប់ នៅមិនទាន់បានធូរស្បើយនៅឡើយ ហើយពួកគាត់ក៏បានលើកដៃសំពះ សូមអំពាវនាវដល់ថ្នាក់ដឹកនាំ និងសប្បុរសជននានា មេត្តាជួយដល់ពួកគាត់ផង ព្រោះពួកគាត់ជាអ្នកក្រខ្សត់ ខ្វះខាតខ្លាំងណាស់ ៕