ចែករំលែក

​រថយន្ត​ មួយគ្រឿង​ ម៉ាក​ RangeRover បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បានបើកបុករះម៉ូតូបន្តបន្ទាប់ជាច្រើនគ្រឿង​ បណ្តាលឲ្យបុរសម្នាក់ស្លាប់​ នៅនិងកន្លែងកើតហេតុនិង៤នាក់ទៀត រងរបួសធ្ងន់ស្រាល ​ហើយរថយន្តខាងលើបានបើករត់គេច ពីកន្លែងកើតហេតុ ទៅបុករថយន្តមួយគ្រឿងទៀត រងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពី វេលាម៉ោង​ ៧និង១៥នាទីព្រឹក​ ថ្ងៃទី២៣ ខែកុម្ភៈ​ ឆ្នាំ២០១៨ ​ស្ថិតនៅតាមបណ្តោយផ្លូវលេខ70 កែងផ្លូវK5​ ភូមិបាក់ទូក​ សង្កាត់ទួលសង្កែ១​ ខណ្ឌឫស្សីកែវ​ ។

រថយន្តបង្កម៉ាក​ Range Rover ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2T-1314 អ្នកបើករថយន្តបង្កខាងលើនោះ​ មិនត្រូវបានស្គាល់អត្តសញ្ញានោះទេ។ រីឯជនរងគ្រោះទី១-ឈ្មោះ​ តាន់​ ម៉ូលី​ ភេទប្រុស​ អាយុ​ ៦០ឆ្នាំ​ មុខរបរ​ (ស្លាប់)​ ស្នាក់នៅសង្កាត់បឹងកក់២​ ខណ្ឌទួលគោក​ និងមានស្រុកកំណើត​ វត្តដំណាក់​ ស្រុកសៀមរាប​ ខេត្តសៀមរាប​ ជិះម៉ូតូ​ មួយគ្រឿង​ ម៉ាក​ Yamaha Sirius ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ 1DT-0237។ ចំណែកឯជនរងគ្រោះ៤នាក់ទៀត ដែលរងរបួសធ្ងន់និងស្រាលនោះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា​ មុនពេលកើតហេតុ គេឃើញរថយន្ត​បង្ក មួយគ្រឿង​ម៉ាក​ Range Rover បានបើកបរតាមបណ្តោយផ្លូវR6 ក្នុងទិសដៅពីកើតទៅលិច​ ក៏បានបើកប៉ះម៉ូតូ មួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅស៊េរីឆ្នាំ២០១៥ មិនចាំស្លាកលេខ ​ក្រោយកើតហេតុអ្នកបើកបររថយន្ត មិនឈប់ដោះស្រាយ​នោះទេ បានបើករត់គេច ពីផ្លូវR6 ឡើងមកផ្លូវលេខ៧០​ ក្នុងទិសដៅពីកើតទៅលិច​ ខណៈមកដល់ចំណុច ស្តុបកើតហេតុខាងលើ​ ស្រាប់តែរថយន្តបង្ក បានបើកបុករះបារាស់ របស់សមត្ថកិច្ចដាក់ឃាត់ រថយន្តបង្ក​ខាងលើ ខ្ទាតចេញក្រៅមកខាងស្តាំដៃ ហើយរថយន្តនៅតែមិនឈប់ ក៏បន្តបើកមកមុខ​ទៀត បុករះម៉ូតូចំនួន​៥គ្រឿង ខណៈកំពុងជិះនៅខាងមុខបារាស់ ដែលសមត្ថកិច្ចដាក់ស្ទាក់ ឲ្យឈប់បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងរងរបួសធ្ងន់ម្នាក់ ស្រាល៣នាក់ ហើយអ្នកបើករថយន្តបង្កមិនព្រមឈប់​ នៅតែបើកបន្តទៅមុខទៀត ទាំងជាប់ម៉ូតូមួយគ្រឿងពីមុខ ខាងក្រោមបន្តបើករត់រហូតដល់ ចំណុចស្តុបគល់អង់តែន​ទួលគោក ស្ថិតនៅក្នុងសង្កាត់បឹងកក់១​ ខណ្ឌទួលគោក​ បានបុករថយន្ត​ មួយគ្រឿងទៀត ម៉ាក​ លុចស៉ីស​ RX400H ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AJ-4249 ដែលកំពុងឈប់ស្តុប ចំកាងផ្នែកខាងមុខ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ប្រភពបន្តទៀតថា​ ក្រោយពីកើតហេតុ​ ម្ចាស់រថយន្តបង្ក បានបើកទ្វាររថយន្តព្យាយាមរត់គេចខ្លួន ​តែត្រូវបានបងប្អូនប្រជាពលរដ្ឋ​ ដែលធ្វើដំណើតាមដងផ្លូវ និងរស់នៅក្បែរកន្លែងកើតហេតុ បាននាំគ្នាដេញតាម ឃាត់ខ្លួនជនបង្កខាងលើ ​បាន​នាំគ្នាព្រួតវាយ មួយដៃមួយជើងម្នាក់​ បណ្តាលឲ្យសន្លប់ស្ដូកស្ដឹង នៅនឹងកន្លែងកើតហេតុ​ រួចប្រគល់ឲ្យសមត្ថកិច្ច ចាប់វាយខ្នោះ​ និងហៅរថយន្តសាម៉ុយ ដឹកយកទៅសង្គ្រោះបន្ទាន់ នៅគ្លីនិកឯកជន។

ក្រោយកើតហេតុ​សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ បានទាក់ទងទៅសមត្ថកិច្ចជំនាញ ឲ្យចុះមកកន្លែងកើតហេតុ ធ្វើការវាស់វែង​និង ប្រគល់ខ្លួនអ្នកបើកបរ​ រថយន្តបង្ក​ រថយន្តរងគ្រោះ ​និងម៉ូតូរងគ្រោះយកទៅរក្សាទុក នៅការិយាល័យនគរបាល ចរាចរណ៍ជើងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីរង់ចាំការដោះស្រាយគ្នា។ ចំណែកឯសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ដឹកយកទៅតម្កល់ទុក នៅវត្តទឹកថ្លា​ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដើម្បីរង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី​។ រឺឯជនរងគ្រោះដែលរងរបួសធ្ងន់ស្រាលចំនួន​៤នាក់ ត្រូវបានដាក់តាមម៉ូតូកង់បី យកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ៕