ចែករំលែក

កាលពីពេលថ្មីៗនេះ កាសែត The Mirror បានចុះផ្សាយហេតុការណ៍មួយ ដោយមានជនល្មើសបានបាញ់សម្លាប់ បុរសម្នាក់នៅលើផ្លូវ នៅចំពោះមុខប្រពន្ធនិងកូនអាយុ៥ឆ្នាំ ស្ថិតនៅក្នុងក្រុង Sao Jose do Rio Preto រដ្ឋ Sao Paulo ប្រទេសប្រេស៊ីល ។

តាមការចុះផ្សាយរបស់សារព័ត៌មាន របស់ប្រទេសប្រេស៊ីល បានឲ្យដឹងថា ហេតុការណ៍ខាងលើនេះ បានបណ្តាលឲ្យបុរសម្នាក់ស្លាប់ ដែលគេស្គាល់ថាឈ្មោះ Eder Bruno de Melo Alves អាយុ៣៣ឆ្នាំ ដែលមុនពេលកើតហេតុ ពួកគេបានប៉ះពាក្យសម្តីគ្នា ជាមួយបុរស២នាក់ ដែលឈប់ម៉ូតូក្បែរគ្នា នៅកណ្តាលផ្លូវ ក្រោយមកបុរសម្នាក់ ក្នុងចំណោម២នាក់នោះ បានទាញកាំភ្លើង មកបាញ់បុរសរងគ្រោះស្តែងៗតែម្តង ។

ឃ្លីបវីដេអូ ដែលថតបាននៃការបាញ់សម្លាប់នោះ គឺត្រូវបានថតដោយប្រពន្ធ របស់បុរសរងគ្រោះឈ្មោះ Alves ហើយរូបគាត់បានស្រែកឈឺចាប់យ៉ាងខ្លាំង ក្រោយពីត្រូវគេបាញ់ ពេលនោះដែរ ប្រពន្ធរបស់គាត់ បានគ្រាបុរសរងគ្រោះ ដើរចេញពីកន្លែងកើេតហេតុ ព្រមទាំងកូនប្រុសអាយុ៥ឆ្នាំ បានស្រែកយំ និងរត់តាមម្តាយ ដែលកំពុងតែគ្រាឪពុកដើររេចុះឡើងពេញផ្លូវ បន្ទាប់មកបុរសជាប្តី បានដួលទៅនិងដីតែម្តង ។

គេហទំព័រ Globo.com បានចុះផ្សាយថា ជនល្មើសទាំង២នាក់នោះ គឺជាក្មួយប្រុស និងអ៊ុំប្រុស របស់ជនរងគ្រោះ ដែលពួកគេបានឈ្លោះគ្នា ដោយសារតែរឿងបុរសរងគ្រោះ ជំពាក់លុយពួកគេ៥០០ដុល្លារ ។ ខណៈពេលនេះ ប៉ូលិសបានចាប់ខ្លួនជនដៃដល់ បានម្នាក់ហើយ ដែលជាអ្នកបើកបរម៉ូតូ និងត្រូវជាក្មួយប្រុសជនរងគ្រោះ ចំណែកអ៊ុំប្រុសរបស់គេម្នាក់ទៀត ប៉ូលិសកំពុងតាមចាប់ខ្លួន ៕