ចែករំលែក

រដ្ឋធានី Kiev ៖ បុរសកម្លាំងយក្សរបស់ជនជាតិអ៊ុយក្រែនម្នាក់​ បានចាប់សេះដ៏ធំមួយក្បាល ដាក់ លើខ្នង​ដើរកាត់ព្រៃ និងបង្កើតនូវរឿងចម្លែកៗដទៃទៀតដែលមនុស្សទូទៅមិនអាចធ្វើបាន ដើម្បីបង្ហាញ​ពីកម្លាំងដ៏មហិមារបស់គាត់ ឲ្យពិភពលោកបានឃើញ។

រាប់ពាន់ឆ្នាំមកហើយ មនុស្សយើងតែងតែជិះសេះ ផ្ទុយទៅវិញចម្លែកតែលោក Dmytro Khaladzhi អាយុ៣៨ឆ្នាំ ជន​ជាតិអ៊ុយក្រែនម្នាក់នេះ បែរជាគាត់បានចាប់សេះដ៏ធំរបស់គាត់មួយក្បាល ដាក់លើខ្នងរបស់គាត់ដើរកាត់ព្រៃ ដើម្បីបង្ហាញពីភាពអស្ចារ្យ និងកម្លាំងយក្សរបស់គាត់។

លោក Dmytro Khaladzhi តែងតែធ្វើរឿងចម្លែកៗជាច្រើន ដូចជាឲ្យគេបើករថយន្តពីលើគាត់ ពត់ដែកដោយធ្មេញរបស់គាត់ជាដើម។ ប៉ុន្តែសកម្មភាពលីសេះរបស់គាត់ បានធ្វើឲ្យមនុស្សទូទៅមានការចាប់អារម្មណ៍មកលើគាត់ខ្លាំងបំផុត។ នៅក្នុងវីដេអូខាងក្រោមនេះ គាត់ក៏បានបង្ហាញពីសកម្មភាពរបស់គាត់ ចាប់សេះពេញវ័យ លើកដាក់ពីលើខ្នងរបស់គាត់ លីដើរទៅមុខ។ ក្រៅពីនេះ គាត់ក៏បានឲ្យគេបើកត្រាក់ទ័រ​ និងរថយន្តកិនពីលើគាត់ ព្រមទាំងឲ្យមនុស្សរាប់សិបនាក់យកដើមឈើដ៏ធំមួយដើម មកដាក់ពីលើខ្នង ដើម្បីកាច់បំបាក់ជាដើម។

លោក Dmytro Khaladzhi បានអះអាងថា លោកទទួលបានកំណត់ត្រា Guinness ចំនួន៦៣ ហើយគាត់ក៏ជាជើងឯក នៃជើងឯកលើកទី១ នៃសហព័ន្ធកីឡាគ្មានគ្រឿងញៀនរបស់ប្រទេសអ៊ុយក្រែន។ មិនមែនមានតែការលើក​សេះរបស់គាត់ដាក់លើខ្នងលីប៉ុណ្ណោះទេ គឺគាត់ចូលចិត្តធ្វើរឿងចម្លែកៗជាច្រើនណាស់។

យោងតាមគេហទំព័រព័ត៌មានមួយបានផ្សាយថា បុរសវ័យ៣៨ឆ្នាំរូបនេះ​ បានជ្រើសរើសការរស់នៅរបស់គាត់ នៅក្នុងតំបន់ដែលហែកហួរ ដោយសារសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។ គាត់ត្រូវបានគេរាយការណ៍ថា បានចូលរួមជាមួយក្រុមបំបែកខ្លួននៅទីនោះ ហើយម្តងម្កាលបានផ្តល់នូវការកម្សាន្តជាមួយ​នឹងទម្លាប់ដ៏អាក្រក់របស់គាត់ទៀតផង៕